Sunday, November 30, 2014

Hyperthermia, Heat injuries

ពេលអ្នកធ្វើសកម្មភាពខ្លាំងក្លា(ផលិតកម្តៅច្រើន)ឬស្ថិតក្នុងបរិយាកាសក្តៅខ្លាំង យន្តការរក្សាលំនឹងកម្តៅមិនមានប្រសិទ្ធភាពទៀតឡើយពិសេសពេលខ្វះទឹកនិងសំណើមបរិយាកាសខ្លាំង។ផ្ទុយពីករណីគ្រុន ពេលនេះសីតុណ្ហភាពមជ្ឈឹមក្នុងខ្លួនមិនអាចរក្សានៅកម្រឹត៣៧អង្សាបានទៀតឡើយ។
ពេលអ្នកឈរត្រង់ ការរីកសសៃឈាមដោយសារកម្តៅធ្វើឲ្យឈាមមួយចំនួនផ្តុំនៅជើង ហើយបរិមាណ  ធាតុរាវក្រៅកោសិកាថយចុះដោយសារការបែកញើស។ជាលិទ្ធផល អត្រាបាញ់ឈាមចេញនៃបេះដូង(cardiac output)ថយចុះ ហើយសម្ពាធឈាមក៏ថយចុះ ពិសេសដោយសារការរីកសសៃឈាមក្រោមស្បែកបន្ថយperipheral vascular resistance។ ទោះសីតុណ្ហ-ភាពមជ្ឈឹមទាបជាង៣៩អង្សាក៏ដោយ ការខ្សោយអស់កម្លាំង,វិលមុខ,ចង្អោរនិងបាត់ស្មារតីអាចកើតឡើងដោយសារការធ្លាក់ចុះសម្ពាធ-ឈាម(heat collapse)។សម្ពាធឈាមអាចកើនឡើងវិញពេលអ្នកដេកនិងក្រោយពីបានផឹកទឹក។

គ្រុន

គោលដៅនៃលំនឹងសីតុណ្ហភាពគឺដើម្បីរក្សាសីតុណ្ហភាពមជ្ឈឹមក្នុងរាងកាយឲ្យនៅកម្រិត៣៧ដឺក្រេ(អាចប្រែប្រួលនៅពេលថ្ងៃ)។​ផ្ទុយនឹងការលើសកំដៅអកម្ម(passive hyperthermia),កម្រឹតកំណត់(set level)បានកើនឡើងក្នុងពេលគ្រុនហើយយន្តការរក្សាកំដៅត្រូវឆ្លើយតបវិញដើម្បីរក្សាលំនឹង។យន្តការនេះអាចកត់សម្គាល់បានពេលមានការគ្រុន ព្រោះការកើនឡើងភ្លាមៗនៃកម្រឹតកំណត់ធ្វើឲ្យថយចុះនៃការបាត់បង់កំដៅដោយការថយចុះចរន្តឈាមក្រោមស្បែក ស្បែកចុះត្រជាក់(ធ្វើឲ្យអ្នកមានអារម្មណ៍រងា)។បន្ថែមពីនេះ ការផលិតកំដៅ​   កើនឡើងដោយសារការញាក់។វាត្រូវបន្តរហូតដល់កម្រឹតកំណត់ធ្លាក់មកធម្មតាវិញ។នៅពេលគ្រុនធ្លាក់ចុះ កម្រឹតកំណត់ក៏ធ្លាក់ចុះ​ ដូច្នេះពេលនេះកម្រឹតសីតុណ្ហភាពមជ្ឈឹមហាក់ខ្ពស់ខ្លាំងហើយចរន្តឈាមក្រោមស្បែកកើនឡើងធ្វើឲ្យអ្នកមានអារម្មណ៍ក្តៅនិងបែកញើស​សស្រាក់។

Monday, November 17, 2014

ឈាម

ឈាមជាជាលិកាសន្ធាន មានលក្ខណៈខាប់ជាងទឹកនិងស្អិតៗ។វាមានកម្តៅ៣៨អង្សាសេ គឺក្តៅជាងកម្តៅក្នុងមាត់និងរុន្ធគូទ១អង្សា។pHរបស់វាគឹ៧.៣៥ទៅ៧.៤៥ ហើយពណ៌ប្រែប្រួលពីក្រហមខ្ចីទៅក្រហមចាស់អាស្រ័យបរិមាណអុកស៊ីសែន។
ឈាមមានចំណែក២០%នៃធាតុរាវក្រៅកោសិកា, ទំងន់ស្មើរនឹង៨%នៃទំងន់រាងកាយសរុប។
ចំពោះបុរសឈាមអាចមានបរិមាណពី៥ទៅ៦លីត្រ និង៤ទៅ៥លីត្រចំពោះស្ត្រី អាស្រ័យទំហំរាងកាយយើងម្នាក់ៗ។
ឈាមផ្សំឡើងដោយ៖
១/ផ្លាស្មាៈ(៥៥%)​ ជាសារធាតុរាវក្រៅកោសិកាផ្ទុកសារធាតុរលាយនានាពិសេសអាល់ប៊ុយមីន,អាហារចញ្ចឹម,អ័រម៉ូន និងទឹកដល់ទៅ៩១.៥%។
២/រូបធាតុៈជាកោសិកានិងបំណែកកោសិការួមមានគោលិកាឈាមក្រហម,ស និងផ្លាកែតជាដើម។
គោលិកាឈាមក្រហម១មានផ្ទុកអេម៉ូក្លូប៊ីនប្រហែល២៨០លានដែលអាចដឹក​
ម៉ូលេគុល​អុកស៊ីសែនប្រមាណ១១២០លាន។

បេះដូង

បេះដូងជាសរីរៈសំខាន់មួយសម្រាប់ជីវិតយើង។វាមានទំហំប៉ុនក្តាប់ដៃ ប្រវែង១២ស.ម ទទឹងវែងបំផុត៩ស.ម កម្រាស់៦ស​.ម ទំងន់២៥០ទៅ៣០០ក្រាម។បេះដូងកន្ត្រាក់ប្រមាណ១០០ ០០០ដងក្នុងមួយថ្ងៃ គឺប្រហែល៣៥លានដងក្នុង១ឆ្នាំ។បេះដូងខាងឆ្វេងបាញ់ឈាមតាមសសៃឈាមដែលមានប្រវែងប្រមាណ១២០ ០០០គ.ម គឺស្មើនឹងធ្វើដំណើរជុំវិញអេក្វាទ័រផែនដី៣ជុំ។ទោះពេលអ្នកកំពុងដេក បេះដូងអ្នកច្របាច់ប្រហែល៣០ដងរៀងរាល់នាទីនូវឈាមប្រមាណ៥លីត្រទៅសួត និង៥លីត្រទៀតទៅផ្នែកផ្សេងៗនៃរាងកាយ។ក្នុងអត្រានេះ បេះដូងអ្នកច្របាច់ឈាមជាង១៤ ០០០លីត្រក្នុងមួយថ្ងៃ ឬ៥លានលីត្រក្នុងមួយឆ្នាំ។ដោយសារអ្នកមិនបានដេករហូតឯណា ដូច្នេះបរិមាណឈាមដែលបាញ់ចេញក្នុងមួយថ្ងៃៗគឺច្រើនជាងនេះឆ្ងាយណាស់។

ស្បែករបស់អ្នក

ស្បែកជាសរីរៈធំជាងគេនៃរាងកាយយើង,ចំពោះមនុស្សធំ វាមានផ្ទៃប្រមាណ២ម៉ែត្រការ៉េ ទំងន់ប្រហែល៤.៥ទៅ៥គីឡូ កម្រាស់០.៥ម.មនៅត្របកភ្នែក ទៅ៤ម.មនៅកែងជើង។
គេចែកស្បែកជា២ស្រទាប់សំខាន់ ហើយវាមានតួនាទី៦សំខាន់៖
១/‍‍ រក្សាកម្តៅរាងកាយ
២/ ស្តុកឈាម
៣/ ការពាររាងកាយពីបរិស្ថានខាងក្រៅ
៤/ ចាប់យកអារម្មណ៍ ក្តៅ ត្រជាក់ជាដើម
៥/ ស្រូបនិងបញ្ចេញចោលសារធាតុមួយចំនួន
៦/ សំយោគវីតាមីនដេ។